នាយករដ្ឋមន្ដ្រីកម្ពុជា ៖ សន្ដិភាព ជាសមាសភាគមិនអាចខ្វះបានសម្រាប់អភិវឌ្ឍ និងវិបុលភាពរួម

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នៅប្រទេសចិន នារសៀលថ្ងៃទី២ កញ្ញា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សន្ដិភាព និងស្ថិរភាព គឺជាសមាសភាគមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកដដោយចីរភាព និងវិបុលភាពរួម។


កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង ២០ប្រទេស និងមេដឹកនាំអង្គការអន្តរជាតិមួយចំនួនទៀត ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO គឺជាអង្គការមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១។ បច្ចុប្បន្នអង្គការនេះមានសមាជិកពេញសិទ្ធិចំនួន១០ រួមមានចិ ន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ និងបេឡារុស។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា «ការធានាបាននូវសន្ដិសុខ នៅតែជាអាទិភាពចម្បងបំផុត សន្ដិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកដដោយចីរភាព និងវិបុលភាពរួម។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រលាញ់សន្ដិភាព ខ្ញុំ មើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SOC និងអាស៊ាន ក្នុងការជំរុញសន្ដិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់ សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង កម្ពុជា គាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗ រួមមាន ៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការសង្កត់ធ្ងន់របស់ SOC លើ «ស្មារតីសៀងហៃ» គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបង្កើតភាពជាដៃគូ ដែលគោរពទៅតាមគន្លង នៃការអភិវឌ្ឍដែលមានវិសេសភាពរបស់ប្រទេសនីមួយៗ ព្រមទាំងលើកស្ទួយនូវចក្ខុវិស័យ សម្រាប់វឌ្ឍនភាព និងវិបុលភាព៕
