ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជំរុញលើកទឹកចិត្តនគរបាលជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់សិស្សនគរបាលមួយក្រុម ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគីដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។

ការថ្លែងជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះ មានតែសិស្សជ័យលាភីដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះ លោក សង្ឃឹមថា សិស្សអាហារូបករណ៍នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃខកបំណងឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើនដើម្បីចូលរួមរែកពុនការងាររបស់កងកម្លាំងនគរបាលជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំបន្ថែមទៀតដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវបទវិន័យ របស់កងកម្លាំងនគរបាលជាតិក្នុងពេលដែលកំពុងសិក្សា រក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ជូនជាតិមាតុភូមិ និងពេលដែលត្រឡប់មកវិញ ត្រូវចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញល្អៗ ដល់ប្អូនៗជំនាន់ក្រោយ និងត្រូវចងក្រងទុកជាមេរៀន ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលមានការប្រឈមជាក់ស្តែង។

បើតាមរបាយការណ៍ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាល កម្ពុជា ចំនួន៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៤កន្លែង សិក្សារយៈពេល២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រចំនួន ៤កន្លែង សិក្សារយៈពេល៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា សាធារណរដ្ឋតួកគីក៏បានផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន១០កន្លែង (ជំនាន់ទី២) មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥កន្លែង នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល។ សរុបទាំង២ជំនាន់ សាធារណរដ្ឋតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន១៨កន្លែង ស្មើនឹងនិសិត្សចំនួន១៨រូប ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប៕

To Top