ព័ត៌មានជាតិ

ទូតចិន ៖ សំឡេងរបស់កម្ពុជា ឮកាន់តែខ្លាំងឡើងៗ នៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សំឡេងរបស់ប្រទេសកម្ពុជា ឮកាន់តែខ្លាំងឡើងៗ នៅលើឆាកអន្តរជាតិ ខណៈលោកទូត ថា «កម្ពុជា តស៊ូឡើង»។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមដោយជោគជ័យ ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ បូក។ សំឡេងរបស់ប្រទេសកម្ពុជា ឮកាន់តែខ្លាំងឡើងៗ នៅលើឆាកអន្តរជាតិ។ កម្ពុជា តស៊ូឡើង»។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ត្រូវបានដឹកនាំដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង ២០ប្រទេស និងមេដឹកនាំអង្គការអន្តរជាតិមួយចំនួនទៀត ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន៕

To Top