ព័ត៌មានជាតិ

ប្រធានសភាវៀតណាម មើលឃើញ ពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់ គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន

ភ្នំពេញ៖ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសរសើរ ចំពោះភាពរីកចម្រើនរបស់កម្ពុជា និងមើលឃើញ ពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់ គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ជិន ថាញ់មិន បានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណ ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យ មានចលនាតស៊ូប្រឆាំងអាណានិគម ក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើន នៅក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។ សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរ ចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្ន។

លោក ជិន ថាញ់មិន បានអរគុណចំពោះសម្ដេចតេជោ ដែលបានមានប្រសាសន៍ លើកឡើងត្រង់ទៅ ត្រង់មក។

លោកក៏បានសរសើរ ចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយលោកបានកត់សម្គាល់ឃើញថាកាលពីឆ្នាំ២០២៤ លោកបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

To Top