ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញទំនិញទៅវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថារយៈពេល៧ខែក្នុងឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះកម្ពុជានាំទៅកាន់វៀតណាម គឺមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាគឺប្រមាណ៣,២ពានលានដុល្លារ។

សម្ដេចបានបញ្ជាក់ថា ការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលកម្ពុជា ជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក តូ ឡឹម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។

លោកបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អ រវាងកម្ពុជានិងវៀតណាមដ៏រឹងមាំ ដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនា នៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បានសម្តែងនូវការពេញចិត្ត ចំពោះទម្លាក់ទំនង រវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈលោក តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយ ដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។

សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរ មានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរ កាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។

លោកអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានសម្តែងនូវក្តីរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម នាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន។ លោកបានឯកភាពទាំងស្រុង ចំពោះទំនាក់ទំនងរវាងគណបក្សនិងគណបក្សនៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន។ លោកបានបញ្ជាក់ថា តាមរយៈជំនួបកំពូល នាពេលកន្លងមកនៃ មេដឹកនាំគណបក្សនៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។

លោក តូច ឡឹម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។សម្តេចតេជោ ក៏បានមានប្រសាសន៍ ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ៕

To Top