តែងតាំង លោក ឡាច ឡិះ ជាអភិបាលរង ស្រុកឆែប ខេត្តព្រះវិហារ

ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥នេះ បានអញ្ជេីញប្រកាសតែងតាំង លោក ឡាច ឡិះ ជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ ដែលពិធីនេះធ្វេីឡេីង នៅសាលប្រជុំសាលាស្រុកឆែប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករ ។

ការតែងតាំងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង រដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកឆែប ។

លោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ឡាច ឡិះ កន្លងមក ព្រមទាំងបានជំរុញឲ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើង អនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ។

លោក ឡាច ឡិះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តការងារ តាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុស ត្រូវខ្ពស់ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍន៍ស្រុកឆែប ឲ្យកាន់តែមានភាព រីកចម្រើនលើគ្រប់វិស័យ ៕ ដោយសួនពិសិត ព្រះវិហារ ដើមអំពិល




