អ្នកនាំពាក្យ ច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹង ការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃ ដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ បដិសេធមិនព្រមលក់ឱ្យ ។
យោងតាមសេចក្តីប្រកាសបដិសេធរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ កញ្ញា នេះ ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនសាធារណជនជ្រាបថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុន ពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើងខាងលើនោះដែរ»៕


