ព័ត៌មានជាតិ

បណ្ឌិត កៅ មុយថង ៖ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូល SCO ជាការលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង ចាត់ទុកវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានធ្វើឡើងនៅទីក្រុងធានជីង បានលើកកម្ពស់កិត្យានុភាព និង រូបភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២៥ របស់ SCO មានការចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ជាង២០ប្រទេស និង អង្គការអន្តរជាតិ ជាង១០ និង រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ផងដែរ។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី២ ខែកញ្ញាថា ការចូលរួមរបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលនេះ គឺបង្ហាញពីយុទ្ធសាស្ត្រការបរទេស របស់កម្ពុជា ដែលមិនពឹងផ្អែក លើប្លុកណាមួយឡើយ ប៉ុន្តែ ព្យាយាមពង្រឹងទំនាក់ទំនង ជាមួយគ្រប់តំបន់ និង ប្រទេសទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ អតិបរមា សម្រាប់ជាតិ។

«ដូច្នេះ ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិ ដ៏សំខាន់បែបនេះ គឺពិជាបាននាំមកនូវ ការលើកកម្ពស់កិត្យានុភាព និងរូបភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ វាក៏បានបង្ហាញថា កម្ពុជា ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ និងគោរពផងដែរ»

ផ្ទាំងពាណិជ្ជកម្ម

លោកបណ្ឌិតបន្តថា ក្នុងនាមកម្ពុជា ជាដៃគូសន្ទនា (Dialogue Partner) របស់ SCO ការចូលរួមនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង និងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសជាសមាជិក SCO ដែលសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច និងយោធា នៅក្នុងពិភពលោក។ កិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អដើម្បីជួបជាមួយប្រមុខរដ្ឋ និងអ្នកដឹកនាំសេដ្ឋកិច្ចមកពីតំបន់អាស៊ីកណ្តាល និងអឺរ៉ុប ដែលអាចទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា ពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពល។ SCO ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការចូលរួមរបស់កម្ពុជាបានពង្រឹងការតភ្ជាប់របស់ខ្លួន ទៅនឹង BRI ដែលជាប្រភពនៃការវិនិយោគធំៗ សម្រាប់កម្ពុជា។ ការចូលរួមរបស់សម្តេចធិបតី គឺអនុញ្ញាតឱ្យកម្ពុជា អាចផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាមួយបណ្តាប្រទេសសមាជិក ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងក្នុងតំបន់។ វត្តមានរបស់ សម្តេចធិបតី បានបង្ហាញថា កម្ពុជា ជាប្រទេសដែលជឿជាក់លើកិច្ចសហប្រតិបត្តិការពហុភាគី ហើយ ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសកល។

ជារួម លោកបណ្ឌិត វាយតម្លៃខ្ពស់ថា ការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូល SCO នេះ គឺមិនមែនត្រឹមតែជាពិធីការ នោះទេ ប៉ុន្តែ ជាជំហានយុទ្ធសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកដៃគូថ្មីៗ និង ទាញយកផលប្រយោជន៍ជាតិឱ្យបានច្រើនបំផុត នៅក្នុងបរិបទ ដែលនិម្មាបនកម្មពិភពលោក គឺបាននិងកំពុងវិវត្តន៍ ទៅមុខយ៉ាងលឿន ហើយ ស្ថានការណ៍អន្តរជាតិ ក៏ជួបប្រទះនឹងភាពមិនប្រាកដប្រជា ភាពរង្គោះរង្គើ និងបែកខ្ញែកគ្នា។

«ហេតុដូច្នេះហើយ កម្ពុជាក៏ត្រូវមានបំណងយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូល SCO នេះ ឱ្យកាន់តែមានលក្ខណៈ គួរឱ្យជឿទុកចិត្តគ្នា និងសហប្រតិបត្តិការ ជាមួយគ្នា»៕

To Top