ចងចាំប្រវត្តិសាស្ត្រ ឆ្ពោះទៅមុខក្នុងដៃ បង្កើតអនាគតដ៏ភ្លឺស្វាង និងមានសន្ដិភាព

នៅថ្ងៃទី ៣ ខែកញ្ញា ពិធីរំលឹកខួបលើកទី ៨០នៃជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ ឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានថ្លែងសុន្ទរកថាដ៏សំខាន់។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេសជាង២០រូបបានចូលរួមតាមការអញ្ជើញ។ ប្រទេសចិនមានសុភាសិតបុរាណមួយថា “ការចងចាំអតីតកាលជាមគ្គុទ្ទេសក៍សម្រាប់អនាគត”។ យើងរំលឹកដល់ជ័យជម្នះដ៏អស្ចារ្យដែលទទួលបានកាលពី ៨០ឆ្នាំមុន ដើម្បីរួមជាមួយនឹងប្រជាជនទូទាំងពិភពលោក ក្នុងការចងចាំប្រវត្តិសាស្ត្រ គោរពវិញ្ញាណក្ខន្ធដល់វរជន ផ្ដល់តម្លៃដល់សន្តិភាព និងបន្តឆ្ពោះទៅអនាគត។
សង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក គឺជាសង្រ្គាមសកលលោកដ៏ធំបំផុត និងមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលជាសមរភូមិរវាងយុត្តិធម៌និងអំពើអាក្រក់ ពន្លឺនិងភាពងងឹត វឌ្ឍនភាពនិងប្រតិកម្ម។ ក្នុងនាមជាផ្នែកដ៏សំខាន់នៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក និងសមរភូមិសំខាន់នៅបូព៌ា ការប្រយុទ្ធរបស់ចិនប្រឆាំងនឹងហ្វាស៊ីសនិយមបានចាប់ផ្តើមដំបូងមុនគេ អូសបន្លាយយូរបំផុត ទបទល់កម្លាំងកងទ័ពច្រើនបំផុត និងមានការលះបង់ដ៏ធំបំផុត។ ចាប់ពីឆ្នាំ ១៩៣១ ដល់ឆ្នាំ ១៩៤៥ បក្សកុម្មុយនិស្តចិនបានដើរតួនាទីជាស្នូល បង្រួបបង្រួម និងដឹកនាំប្រជាជនចិនក្នុងសង្រ្គាមតស៊ូរយៈពេល ១៤ឆ្នាំដោយចូលរួមក្នុងយុទ្ធចម្បាំងធំជាង២០០យុទ្ធចម្បាំង ដើម្បីទប់ទល់នឹងកម្លាំងសំខាន់នៃយោធានិយមជប៉ុន។ នេះធានាបាននូវលំហយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជ័យជំនះចុងក្រោយនៅក្នុងអ៊ឺរ៉ុប និងប៉ាស៊ីហ្វិក ហើយបានរួមចំណែកយ៉ាងម៉ឺងម៉ាត់ចំពោះជ័យជំនះនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដ៏ឃោឃៅនោះ ប្រជាជនចិនបានលះបង់និងបង់ថ្លៃធំធេងមានតំលៃ។ យោងតាមស្ថិតិមិនពេញលេញ ប្រទេសចិនមានយុទ្ធេជននិងជនស៊ីវិលដែលទទួលមរណភាពនិងរបួស ចំនួនលើសពី ៣៥លាននាក់ ដែលស្មើនឹងប្រហែលមួយភាគបីនៃយុទ្ធេជននិងជនស៊ីវិលដែលទទួលមរណភាពនិងរបួសក្នុងសង្គ្រាមលោកលើកទីពីរ។ ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់លើសពី ១០០ ពាន់លានដុល្លារ ហើយការខាតបង់សេដ្ឋកិច្ចដោយប្រយោលលើសពី ៥០០ពាន់លានដុល្លារ។
ក្នុងអំឡុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ អង្គការអន្តរជាតិ និងកងកម្លាំងប្រឆាំងហ្វាស៊ីសផ្សេងទៀតពិភពលោកបានផ្តល់ជំនួយ និងការគាំទ្រដ៏មានតម្លៃដល់ប្រជាជនចិន។ យុទ្ធជនប្រឆាំងហ្វាស៊ីសមកពីប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ បានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម បានឆ្លងកាត់ការសាកល្បងការស្លាប់រស់ ក្រោមភ្លើង និងឈាម បង្កើតចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយប្រជាជនចិន។ ប្រជាជាតិចិនតែងតែឲ្យតម្លៃលើចំណងមិត្តភាពនិងភាពស្មោះត្រង់ យើងនឹងចងចាំជារៀងរហូតនូវស្មារតីមិនភ័យខ្លាច ទង្វើប៉ះ និងចរិតថ្លៃថ្នូររបស់ពួកគេ។
ថ្វីត្បិតតែផ្សែងនៃសង្គ្រាមបានជម្រះក៏ដោយ តែប្រវត្តិសាស្ត្របានស្ថិតស្ថេរជារៀងរហូត។ ជ័យជំនះដ៏អស្ចារ្យនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន គឺជាជ័យជម្នះដ៏អស្ចារ្យនៃស្មារតីជាតិដែលមានស្មារតីស្នេហាជាតិជាស្នូល ជាជ័យជំនះដ៏អស្ចារ្យនៃបក្សកុម្មុយនិស្តចិនដែលបានដើរតួនាទីជាស្នូល ជាជ័យជំនះដ៏អស្ចារ្យដែលបង្កើតឡើងដោយការតស៊ូឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ទៀតនិងបង្ហូរឈាមរបស់ប្រជាជនចិនទាំងមូល ជាជ័យជំនះដ៏អស្ចារ្យដែលបានប្រយុទ្ធតទល់គ្នាដោយប្រជាជនចិន សម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីស និងប្រជាជនគ្រប់ប្រទេស។ វានឹងត្រូវបានចារឹកជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិចិននិងប្រវត្តិសាស្ត្របុព្វហេតុយុត្តិធម៌របស់មនុស្ស។។
ឯកឧត្តមប្រធានាធិបតី Xi Jinping បានលើកឡើងថា “ប្រវត្តិសាស្ត្រគឺជាសៀវភៅសិក្សាដ៏ល្អបំផុត និងជាថ្នាំស្វាងល្អបំផុត”។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា មានតែការចងចាំប្រវត្តិសាស្ត្រនៃសង្គ្រាម ទើបយើងអាចរក្សាសន្តិភាពបច្ចុប្បន្នបានកាន់តែប្រសើរ។ ប្រជាជាតិចិន និងប្រជាជាតិខ្មែរទាំងពីរមានហ្សែនសន្តិភាព ការចងចាំពីភ្លើងសង្គ្រាម និងក្តីសុបិននៃការស្តារភាពរុងរឿងជាតិឡើងវិញ។ ក្នុងបរិបទស្ថានការណ៍អន្តរជាតិមានការប្រែប្រួល ក្នុងនាមជាមិត្តស្គាល់គ្នា និងរួមសុខរួមទុក្ខគ្នា ប្រទេសចិន និងកម្ពុជា គួរតែរៀនប្រាជ្ញាពីប្រវត្តិសាស្ត្រដើម្បីទទួលកម្លាំង សហការជាមូយគ្នាដើម្បីបង្កើតអនាគតដ៏មានសន្តិភាពយូរអង្វែងនិងកាន់តែល្អប្រសើរ។
យើងត្រូវតែកាន់ទង់សន្តិភាពឲ្យខ្ពស់ រួមគ្នាកសាងផ្ទះសុខសាន្ត។ ពាក់ព័ន្ធនឹងបញ្ហាសន្តិភាព និងសន្តិសុខ ប្រទេសចិនគឺជាប្រទេសធំដែលមានកំណត់ត្រាល្អបំផុតក្នុងពិភពលោក ជាប្រទេសធំមួយគត់ដែលបាន សរសេរចារឹកផ្លូវការអភិវឌ្ឍន៍ដោយសន្តិភាពក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដែលបានបញ្ជូនកងទ័ពមួកខៀវច្រើនជាងគេ។ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិសុខសាកល ស្នើចក្ខុវិស័យសន្តិសុខរួម គ្រុបជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាព បានផ្តល់នូវផ្លូវអនុវត្តសម្រាប់ដោះស្រាយឱនភាពសន្តិសុខ ហើយបានទទួលការឆ្លើយតបជាវិជ្ជមានពីប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់អនុវត្តគោលនយោបាយការបរទេសសន្ដិភាព។ ការស្រឡាញ់ និងរក្សាសន្តិភាពបានក្លាយជាការឯកភាពគ្នាក្នុងចំណោមប្រជាជន ហើយត្រូវបានបញ្ចូលក្នុងស្មារតីជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាពពិភពលោក ដោយជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងការរួមចំណែកកម្លាំងរក្សាសន្តិភាពក្នុងចំណោមប្រទេសចំនួន ១១៩ ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងចំណាត់ថ្នាក់ទីបីក្នុងចំណោមប្រទេសអាស៊ាន។ ប្រទេសចិននឹងសហការជាមួយកម្ពុជា ដើម្បីបម្រើយ៉ាងរឹងមាំជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាព និងកម្លាំងវឌ្ឍនភាពក្នុងពិភពលោក ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសម្រេចបាននូវសន្តិភាពពិភពលោកដ៏យូរអង្វែង។ ជម្លោះព្រំដែនកម្ពុជា-ថៃដែលបានផ្ទុះឡើងមួយរយៈពេលកន្លងមកនេះគួរឱ្យខូចចិត្ត។ ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនារួមគ្នាជាមួយកម្ពុជា ថៃ ម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ាន ដើម្បីជម្រុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងការស្តារសន្តិភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃឡើងវិញ។
យើងត្រូវតែការពារការចងចាំប្រវត្តិសាស្ត្រ និងការពារសណ្តាប់ធ្នាប់ក្រោយសង្គ្រាម។កាលពី ៨០ឆ្នាំមុន ប្រជាជនដែលស្រឡាញ់សន្តិភាពនៃពិភពលោកបានបង្កើតរណសិរ្សរួបរួមប្រឆាំងហ្វាស៊ីសដ៏ទូលំទូលាយ កម្ចាត់ពួកឈ្លានពានដ៏ឃោរឃៅ បង្កើតសន្តិភាពពិភពលោក និងបានចាក់គ្រឹះដ៏សំខាន់សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ ប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូលគឺជាតំណាងនៃជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ។ ៨០ឆ្នាំក្រោយមក យើងត្រូវតែឈរជាមួយយុត្តិធម៌អន្តរជាតិ ការពារយ៉ាងម៉ឺងម៉ាត់នូវប្រវត្តិសាស្រ្តដែលសរសេរដោយឈាម និងជីវិត ហើយប្រឆាំងរាល់ការប៉ុនប៉ង និងសកម្មភាពដែលចង់បដិសេធ បំភ្លៃ ឬក្លែងបន្លំប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរ។ យើងគួរតែឆ្លៀតខួបលើកទី ៨០នៃការបង្កើតអង្គការសហប្រជាជាតិ ការពារសិទ្ធិអំណាច និងឋានៈរបស់អង្គការសហប្រជាជាតិ អនុវត្តពហុភាគីនិយមពិតប្រាកដ និងលើកទឹកចិត្តឱ្យប្រទេសទាំងអស់គោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការវិលត្រឡប់របស់តៃវ៉ាន់កាន់ប្រទេសចិន គឺជាផ្នែកមួយដ៏សំខាន់នៃជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ ឯកសារជាបន្តបន្ទាប់ដែលរួមមានសេចក្តីប្រកាសក្រុងគែរ និងសេចក្តីប្រកាសក្រុង Potsdam បានបញ្ជាក់ពីអធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់។ ប្រវត្តិសាស្ត្រមិនអាចបំភ្លៃបានទេ ហើយការពិតមិនអាចបដិសេធបានទេ។ យើងកោតសរសើរចំពោះការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ និងការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុនៃការបង្រួបបង្រួមរបស់ប្រទេសចិន។ នេះជាការបង្ហាញយ៉ាងរស់រវើកនៃការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់រវាងចិននិងកម្ពុជា។
យើងត្រូវតែប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមជាមួយគ្នា ប្រកាន់ខ្ជាប់នូវមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងពិភពលោក។ ក្នុងអំឡងពេល៨០ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទីពីរ សង្រ្គាមនៅតែផ្ទុះឡើងនៅកន្លែងជាច្រើន។ ឯកតោភាគីនិយម គាំពារនិយម និងអនុត្តរភាពកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍ ឱនភាពសន្តិសុខ និងឱនភាពអភិបាលកិច្ចកំពុងកើនឡើង។ មនុស្សជាតិជាថ្មីម្តងទៀតឈរនៅផ្លូវបំបែកនៃការរួបរួមឬការបែកបាក់ ការសន្ទនាឬការប្រឈមមុខគ្នា ឈ្នះ-ឈ្នះឬល្បែងផលបូកស្មើសូន្យ។ ឯកឧត្តម ប្រធានាធិបតី Xi Jinping បានលើកឡើងគំនិតនៃការកសាងសហគមន៍វាសនារួមម្រាប់មនុស្សជាតិ បានផ្ដល់ដំណោះស្រាយរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់មនុស្សជាតិ។ ប្រទេសចិនតែងតែទទូចពហុប៉ូលភាវូបនីយកម្មនៃពិភពលោកគួរតែមានភាពស្មើគ្នានិងសណ្តាប់ធ្នាប់ សកលភាវូបនីយកម្មសេដ្ឋកិច្ចគួរតែមានផលប្រយោជន៍សកលនិងបរិយបន្ន,តែងតែជឿជាក់ថា កិច្ចការពិភពលោកគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ក្នុងចំណោមប្រទេសទាំងអស់ យើងមិនអាចអនុញ្ញាតឱ្យ “អ្នកណាដែលមានដៃខ្លាំងជាងអាចគ្រប់គ្រងបាន”។ យើងនិងសហការជាមួយសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា ដើម្បីអនុវត្តគោលគំនិតនៃសហគមន៍វាសនារួមម្រាប់មនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌ពិភពលោក និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បន្តបញ្ចូលថាមពលវិជ្ជមានទៅក្នុងបុព្វហេតុនៃសន្តិភាព ការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។
យើងត្រូវតែលើកសំពៅនៃកិច្ចសហប្រតិបត្តិការ សម្រេចបាននូវការអភិវឌ្ឍន៍រួម។ ក្នុងនាមជាមិត្តពិតរួមសុខរួមទុក្ខ ចិនសង្ឃឹមដោយស្មោះថាពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា និងជួយភាគីកម្ពុជាឱ្យសម្រេចការស្តារភាពរុងរឿងជាតិឡើងវិញ។ កាលពីខែមេសាឆ្នាំនេះ ឯកឧត្តមប្រធានាធិបតី Xi Jinping បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្តងទៀតបន្ទាប់ពីរយៈពេល៩ឆ្នាំ។ មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ តាមរយៈការកសាងសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលបញ្ចូលកម្លាំងចរកថ្មីទៅក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន រួមមានសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន។ សម្លឹងឆ្ពោះទៅអនាគត ប្រទេសចិននឹងសហការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ បន្តពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលមានវិស័យអទិភាព៦ និងអនុវត្តផែនការកិច្ចសហប្រតិបត្តិការ ច្រករបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រួមគ្នាដើម្បីស្តារភាពរុងរឿងជាតិឡើងវិញប្រជាជាតិចិន និងប្រជាជាតិខ្មែរ។
ចងចាំប្រវត្តិសាស្ត្រគឺដើម្បីបង្កើតអនាគតឱ្យកាន់តែប្រសើរឡើង។ ឈរលើចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី ប្រទេសចិននឹងសហការជាមួយប្រទេសទាំងអស់ រួមទាំងកម្ពុជា ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកយ៉ាងរឹងមាំ ការពារការចងចាំប្រវត្តិសាស្ត្រ លើកតម្កើងយុត្តិធម៌អន្តរជាតិ និងជាដៃគូអភិវឌ្ឍន៍ជាមួយគ្នា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់សង្គមមនុស្ស!
