ក្រុមហ៊ុនដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត AI ចាប់អារម្មណ៍ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីអភិវឌ្ឍ ទេសចរណ៍វៃឆ្លាត

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើ គម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្ត ក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនចំពោះគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់ ដោយធ្វើការនាំ មកនូវបចេ្ចកវិទ្យា ព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់ អភិវឌ្ឍវិស័យទេសចរណ៍។
លោក រដ្ឋមន្រ្តី បានឯកភាពជួយសម្របសម្រួល ជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញ កំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត បង្កើតឡើងជាង៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង១០០ដ៏ធំនៅប្រទេសចិន ៕
