ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាល ផ្ទេរសិទ្ធស៊ីម៉ាក់ អញ្ជើញចុះសួរសុខទុក្ខមន្ត្រី និងបុគ្គលិក នៃកងឯកភាពកម្ចាត់មីន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធស៊ីម៉ាក់ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃទី២-៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះ សួរសុខទុក្ខមន្ត្រី និងបុគ្គលិកនៃកងឯកភាពកម្ចាត់មីនទី៤ កងឯកភាពកម្ចាត់មីនទី៦ កងឯកភាពកម្ចាត់មីនទី១ និងកងឯកភាពកម្ចាត់មីនទី២ ប្រតិបត្តិការទីវាលដែលកំពុងបំពេញការងារ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ក្នុងឱកាសនេះ លោក ខឹម សោភ័ណ បាននាំយកការផ្តាំផ្ញើរការសួរសុខទុក្ខរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលកំពុងបម្រើការងារ ក្នុងគោលដៅខាងលើផងដែរ។ 

បន្ថែមលើនេះ លោកប្រធាន បា​នថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់មន្រ្តី និងបុគ្គលិកនៃកងឯកភាពកំចាត់មីនទី៤ កងឯកភាពកម្ចាត់មីនទី៦ កងឯកភាពកម្ចាត់ទី១ និងកងឯកភាពកម្ចាត់មីនទី២ ក្នុងការរំដោះផ្ទៃដីដែលពោរពេញ ទៅដោយសំណល់យុទ្ធភណ្ឌក្រោយសង្គ្រាម ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផលប្រកបទៅដោយសុវត្ថិភាព និងជាផ្នែកមួយ សម្រាប់ជួយអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងជាគោលការណ៍គ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគត។

ផ្ទាំងពាណិជ្ជកម្ម

ព្រមជាមួយគ្នានេះផងដែរ ប្រធាន និងគណៈប្រតិភូអមដំណើរ បាននាំយកវត្ថុអនុស្សាវរីយ៍ (ក្រមា ខ្មែរ) ដើម្បីចែកជូនមន្ត្រី និងបុគ្គលិក និងកម្លាំងជំនាញទាំងអស់ បានចូលរួមក្នុងកម្មវិធីនេះ។ ក្នុងនោះ លោកប្រធាន ខឹម សោភ័ណ បានយកក្រម៉ា ចំនួន១០០ ថវិកាចំនួន ២,០០០,០០០រៀល និងឆៃពៅ២០គីឡូ ជូនទៅវិរៈសេនីយ៍ទោ ឯម ផល្លា នាយរងសេនាធិការកងពលតូចថ្មើជើងលេខ ៤២ និងបានប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប្រាសាទតាមាន់សែនជ័យ ឆៃពៅ១កេះ ( ១០គីឡូ )។ និងប្រគលជូនឧត្តមសេនីយ៍ឯក យិន ជំនិត មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស ជូនជាក្រម៉ាចំនួន ១០០ ។ ជូនទៅលោក ឧត្តមសេនិយ៍ត្រី ហ៊ឹម ហាក់ មេបញ្ជាការរងកងពលធំលេខ3 ទទួលបន្ទុកបុគ្គលិក ជូនជាក្រម៉ាចំនួន ១០០ ហើយលោកក៏បានជូនជាថវិកា ១,០០០,០០០រៀល ទៅដល់កម្លាំងការពារចម្រុះ ប្រចាំភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ជាស្បៀង។

ជាចុងក្រោយនេះ មន្ត្រី និងបុគ្គលិក នៃកងឯកភាពកំចាត់មីនទី៤ កងឯកភាពកម្ចាត់មីនទី៦ កងឯកភាពកម្ចាត់មីនទី១ និងកងឯកភាពកម្ចាត់មីនទី២ទាំងអស់ បានធ្វើការគោរពថ្លែងអំណរគុណ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ជាប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធ ស៊ីម៉ាក់ ដែលបានចំណាយពេលដ៏មានតំលៃចុះសួរសុខទុក្ខមន្ត្រី និងបុគ្គលិកក្រោមចំណុះ និងសូមគោរពជូនពរ ឯកឧត្តមប្រធាន ជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top