រដ្ឋមន្ត្រីសុខាភិបាល បើកកិច្ចប្រជុំគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅថ្ងៃ៣ កញ្ញា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) ក្នុងគោលបំណង ដើម្បីរាយការណ៍ប្រមូលធាតុចូល ពិភាក្សានិងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈ ៖ រាយការណ៍ពីសមិទ្ធផល និងផែនការបន្ទាប់របស់គ.ព.ស.គ.ញ , ពិនិត្យឡើងវិញអំពីដំណើរការនៃគ.ព.ស.គ.ញ , ការរៀបចំផែនការនៃការថែទាំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ២០២៥-២០២៨ ។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់ទស្សនៈទានដល់អង្គប្រជុំឲ្យពិនិត្យមើលការងារអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ឲ្យបានច្បាស់លាស់ នៅគ្រប់លំដាប់ថ្នាក់ , រក្សានិរន្តរភាពនៃមធ្យោបាយ នៅតាមក្រសួងស្ថាប័ន បង្កើនការទាក់ទាញ និងកៀគរធនធាន , យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស លើការបណ្តុះបណ្តាល ការវិភាគអេពីដេមីសាស្រ្ត មន្ទីរពិសោធន៍ ការធ្វើតេស្តរកសារធាតុញៀន , ពង្រឹងភាពធន់ និងប្រព័ន្ធនៃការគិតគូរទុកជាមុនចំពោះហានិភ័យដែលកើតមានឡើងជាយថាហេតុ , លើកទឹកចិត្តឲ្យមានកិច្ចសហការប្រតិបត្តិការអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន និងរកវិធីសាស្រ្តវាស់វែងការងារដោយជំនាញស្ថាប័នរៀងៗខ្លួនជាមួយនឹងពេលវេលាជាក់លាក់៕








