ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

" "

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

លើសពីនេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើន លើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើ ចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និង ការខូចខាតទ្រព្យសម្បត្តិ តែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។

" "

ភាគច្រើន នៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរយានយន្ត មិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែង ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។

" "

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការ លំបាក របស់ប្រជាជនភៀសសឹក ពីសង្គ្រាមជាមួយសត្រូវ ឈ្លានពានទឹកដី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដោយអនុវត្តវិធានការ ដូចជា ៖ ១-កុំបើកបរលើសល្បឿនកំណត់។ ២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។ ៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។ ៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម ។៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្តលើ ស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយ រីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ៕

To Top