ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាប់ម៉ឺនាក់ ចូលរួមគាំទ្រផ្លូវថ្មើរជើងចតុមុខ «Chatomuk Walk Street» រាជធានីភ្នំពេញ

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាប់ម៉ឺននាក់ ដឹកនាំដោយ លោកសាស្រ្ដាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាចុងសប្តាហ៍ថ្ងៃទី៦ និងទី៧ ខែកញ្ញានេះ បានទៅចូលរួមគាំទ្រ ផ្លូវថ្មើរជើងចតុមុខ «Chatomuk Walk Street» របស់រដ្ឋបាលរាជធានីភ្នំពេញ ញាំងឱ្យផ្លូវថ្មើរជើងសប្តាហ៍នេះ កាន់តែមានភាពអ៊ូអរ និងពេញនិយម ។

តាមរយៈការចូលរួម របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាឱកាសនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងនូវការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ដល់ការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ «Chaktomuk Walk Street» នេះឡើង និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការពង្រឹងបានយ៉ាងល្អប្រសើរ នូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យ នាំឱ្យទីក្រុងភ្នំពេញ កាន់តែស្រស់ស្អាត និងស៊ីវីល័យ។

បន្ថែមលើនេះ លោក ហែម វណ្ណឌី ក៏បានគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណ នូវគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលចង្អុលបង្ហាញដល់អាជ្ញាធរ ឱ្យមានការរៀបចំទីតាំងសម្រាប់ពលរដ្ឋ អាចលម្ហែអារម្មណ៍បាន ជាក់ស្តែងផ្លូវថ្មើរជើងចតុមុខ បានក្លាយជាទីតាំងមួយ សម្រាប់ពលរដ្ឋ អាចដើរហាត់ប្រាណ ជួបជុំញាំអាហារដ៏សម្បូរបែប អមជាមួយនឹងការរៀបចំឱ្យមានការសម្តែងគ្រប់ទម្រង់ ជារៀងរាល់សប្តាហ៍ផងដែរ ។ ក្នុងនោះ លោក ហែម វណ្ណឌី ក៏បានថ្លែងអំណរគុណ ចំពោះលោកសាស្រ្ដាចារ្យសមូហកបណ្ឌិត ឡី សុភាព ដែលតែងតែដឹកនាំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅចូលរួមគាំទ្រផ្លូវថ្មើរជើងចតុមុខ «Chaktomuk Walk Street» រាជធានីភ្នំពេញផងដែរ ។

ក្នុងឱកាសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាប់ម៉ឺននាក់ ចូលរួមដើរកម្សាន្ត នៅផ្លូវថ្មើងជើងចតុមុខ នាចុងសប្តាហ៍នេះ លោកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ កាន់តែមានភាពស៊ីវីល័យ តួរយ៉ាងមនុស្សម្នារ៉ាប់ម៉ឺននាក់ នៅរាជធានីភ្នំពេញ តែងតែប្រើប្រាស់ពេលវេលាចុងសប្តាហ៍ មកលម្ហែអារម្មណ៍ នៅផ្លូវថ្មើរជើង ជាមួយភាពអ៊ូអរ នៃអ្នកដើរកម្សាន្ត និងទទួលទានមុខម្ហូប និងចំណីអាហារដ៏សម្បូរបែប ។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀងក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព មិនភ្លេចឡើយ នូវការថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ នូវសុខមាភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ហើយនិងថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរយ៉ាងល្អិតល្អន់ បើកដំណើរការឱ្យមានផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពស៊ីវីល័យ ជាពិសេសសុខសុវត្ថិភាព ចំពោះអ្នកចូលរួម ដោយមិនដែលឱ្យមានអ្វីកើតឡើង បង្ករការរំខានដល់សតិអារម្មណ៍ អ្នកមកលេងនៅទីនេះឡើយ។

ជួសមុខឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកបណ្ឌិត ឡី សុភាព ក៏បានសម្តែងនូវការដឹងគុណផងដែរ ដល់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបានការគាំពារ និងអត្ថប្រយោជន៍ជាច្រើន ពីរាជរដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងថ្នាល់ឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះដោយស្ម័គ្រចិត្ត សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។

សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ និងជាប្រភពចំណូលដ៏ចម្បង របស់ប្រជាជនជាច្រើន ជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើននាក់ បានទទួលនូវឱកាស បង្កើនប្រាក់ចំណូលរបស់ខ្លួន តាមរយៈការលក់ដូរ នៅផ្លូវថ្មើរជើងចតុមុខ ជារៀងរាល់សប្តាហ៍ ដែលទាំងអស់នេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើង «Chaktomuk Walk Street» មានអាយុជាងកន្លះឆ្នាំមកហើយ ក្រោយដាក់ឱ្យដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យ ជាប្រចាំ។ ផ្លូវថ្មើរជើង Walk Street» ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយផ្លូវថ្មើរជើងចតុមុខ «Chaktomuk Walk Street» ជាកន្លែងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទី ឱ្យមកលេងកំសាន្តដោយចាត់ទុកថា ជាពិធីបុណ្យប្រចាំសប្តាហ៍ នៅរាជធានីភ្នំពេញទៀតផង៕

To Top