ព័ត៌មានជាតិ

ប្រធានាធិបតីហ្វីលីពីន ជាបុគ្គលដំបូងគេ ចុះបិទព្រលានយន្តហោះពោធិ៍ចិនតុង និងឆ្លងកាត់ព្រលានយន្តហោះ តេជោមុនគេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា លោកហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតីហ្វីលីពីន គឺជាបុគ្គលដំបូងគេ ដែលបានឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) មុនបិទដំណើរការ ហើយក៏ជាបុគ្គលមុនគេផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ ព្រលានយន្តហោះតេជោអន្តរជាតិ សម្រាប់ការហោះហើរត្រឡប់ទៅវិញ មុនបើកដំណើរការនៅថ្ងៃស្អែក។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ថា សម្រាប់ការបំពេញទស្សនកិច្ច ជាផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន នៅកម្ពុជា ក្នុងពេលអញ្ជើញដល់កម្ពុជា ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនបិទដំណើរការ ។

លោកបន្តថា បើតាមសម្តេចតេជោ ប្រធានាធិបតីរូបនេះ គឺបានធ្វើដំណើរមកបិទ នូវអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈអាកាសយានដ្ឋានភ្នំពេញ នឹងត្រូវបិទលែងឲ្យដំណើរការ នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឈានចូលទៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបង្វែការហោះហើរទៅអាកាសយាន្តថ្មី គឺអាកាសយានដ្ឋានតេជោអន្តរជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

លោក ជា ធីរិទ្ធ បញ្ជាក់ថា “សម្តេចតេជោ លើកឡើងថា ដូចជាឯកឧត្តមមកបិទអាកាសយានដ្ឋានពោធិ៍ចិនចុងក្រោយ ហើយនៅថ្ងៃស្អែក ពេលឯកឧត្តមត្រឡប់ទៅវិញ នឹងធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាការសម្ពោធ ហើយឯកឧត្តម គឺជាប្រធានាធិបតីទី១ដំបូងគេបង្អស់ ដែលបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនេះបង្ហាញ អំពីទំនាក់ទំនងមួយដ៏ល្អប្រសើរ” ។
ចំពោះការមានប្រសាសន៍ របស់សម្តេចតេជោនេះ ប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់តម្លៃដល់រូបឯកឧត្តម តាមរយៈការអនុញ្ញាតឲ្យហោះហើរជាលើកដំបូង ក្នុងការឆ្លងកាត់ព្រលានយន្តហោះថ្មីរបស់កម្ពុជានេះ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ចំណែកឯពិធីសម្ពោធជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋាន 4F ។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ ក្នុងទំហំទឹកប្រាក់១៥០០លានដុល្លារ ៕

To Top