ប្រធានាធិបតីហ្វីលីពីន នឹងជួយកម្ពុជា-ថៃ ឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានសន្យានៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាថា នឹងជួយជ្រោមជ្រែង ឲ្យអស់លទ្ធភាព ដើម្បីឲ្យកម្ពុជា ឈានទៅដល់ការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃដោយសន្តិវិធីតាមផ្លូវច្បាប់ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោក Ferdinand Romualdez Marcos Jr. នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោ បានរៀបរាប់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ ក្នុងនោះសម្តេចតេជោ បានថ្លែងអំណរគុណ ដល់ហ្វីលីពីន តែងតែគាំទ្រ ចំពោះសកម្មភាពរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយប្រើប្រាស់យន្តការ តាមផ្លូវច្បាប់ ទាំងជាតិនិងអន្តរជាតិ ដែលជាវិធីសាស្រ្តដោះស្រាយ ដោយសន្តិវិធីជៀស វាងការបង្ហូរឈាមដាក់គ្នា ដែលនាំឲ្យអន្តរាយដល់កងទ័ព និងពលរដ្ឋទាំងពីរប្រទេស ។

អ្នកនាំពាក្យបន្តថា ហ្វីលីពីន ក៏បានគាំទ្រ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសទាំងពីរ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ ។
អ្នកនាំពាក្យបញ្ជាក់ថា “ឯកឧត្តមម៉ាកូស បានរំលេចនិងបញ្ជាក់ថា ឯកឧត្តមនឹងព្យាយាមធ្វើឲ្យអស់លទ្ធភាព ក្នុងនាមជាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យភាគីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី និងវិលមករកប្រក្រតីភាពឡើងវិញ នៃស្ថានភាពព្រំដែននៃកម្ពុជា-ថៃ ហើយឯកឧត្តមចង់ឃើញសន្តិភាព សម្រាប់ប្រទេសទាំងពីរ” ។

សូមបញ្ជាក់ថា ហ្វីលីពីនក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ជាសមាជិកអាស៊ានបានចូលរួមសង្កេតការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានកិច្ចព្រមព្រៀង បទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដោយបេសកកម្ម របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់ប្រទេសជាសមាជិកអាស៊ាន ត្រូវបានបង្កើតឡើង ដើម្បីចូលរួមតាមដាន អំពីកិច្ចព្រមព្រៀងបទឈប់បាញ់នេះ៕
