សហភាពអង្គការសង្គមស៊ីវិល ស្នើលោកដូណាល់ ត្រាំ ដាក់សម្ពាធលើថៃ ឲ្យបញ្ឈប់រាយបន្លាលួស ចូលដីកម្ពុជា

ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល ដែលសុទ្ធសឹងជាយុវជនខ្មែរ បានស្នើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដាក់សម្ពាធលើប្រទេសថៃ ឲ្យបញ្ឈប់ការធ្វើរបង តាមរយៈការរាយបន្លាលួស និងកងឡានចូលក្នុងទឹកដីខ្មែរ បន្តទៀត ។
យោងតាមលិខិត របស់សហភាពអង្គការសង្គមស៊ីវិល ផ្ញើទៅប្រធានាធិបតី ដូណាល់ត្រាំ តាមរយៈប្រព័ន្ធអ៊ីម៉ែល នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រោយបទឈប់បាញ់ត្រូវបានអនុវត្ត រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងល្អ និង ប្រកបដោយភាពអត់ធ្មត់បំផុត ក៏ប៉ុន្តែផ្ទុយទៅវិញភាគីប្រទេសថៃ មិនបានអនុវត្តបទឈប់បាញ់ទេ ដោយបានដឹកនាំកម្លាំង ប្រដាប់អាវុធមករាយបន្លាលួស និងកង់ឡានព័ទ្ធយកដីខ្មែរនៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ។

សហភាពអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ដូចនេះ សកម្មភាពថៃ ធ្វើទុក្ខបុកម្នេញដោយការឈ្លានពាន តាមរយៈដាក់រាយបន្លាលួសកង់ឡាន ព័ទ្ធចូលដីខ្មែរ អាចបញ្ជាក់បានថា រដ្ឋាភិបាលថៃមិនបានអនុវត្តបានពេញលេញទេនូវបទឈប់បាញ់ ។ ក្នុងនោះថៃបានបង្កើតនូវភាពអយុត្តិធម៌មកលើកម្ពុជា និងបង្កើតភាពតានតឹងយ៉ាងខ្លាំងដែលអាចឈានទៅរកការផ្ទុះអាវុធសាជាថ្មី ។
ចំពោះបញ្ហានេះ សហភាព អង្គការសង្គមស៊ីវិល បានស្នើសុំប្រធានាធិបតីអាមេរិក ជួយអន្តររាគមន៍ដោយផ្ទាល់ទៅប្រទេសថៃ ដោយត្រូវបង្ខំប្រទេសនេះ ឲ្យអនុវត្តឲ្យបាននូវបទឈប់បាញ់ ឬធ្វើសកម្មភាពណាដែលផ្ទុយទៅ នឹងកិច្ចព្រមព្រៀងដែលធ្វើនៅប្រទេសម៉ាឡេស៊ីកន្លងទៅ ព្រោះមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចបង្ខំអោយប្រទេសថៃស្តាប់ និងបិទបញ្ចប់សង្គ្រាមពិតប្រាកដ និងប្តូរមកធ្វើការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីបាន ៕
