ប្រធានាធិបតីហ្វីលីពីន ចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបង្កើនវិស័យទេសចរណ៍

ភ្នំពេញ ៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (FERDINAND ROMUALDEZ MARCOS Jr.) ប្រធានាធិបតីហ្វីលីពីនបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបង្កើនការហោះហើររវាងកម្ពុជា-ហ្វីលីពីនបន្ថែមទៀត ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានឲ្យដឹងក្រោយកិច្ចជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ថា សម្ដេចតេជោ បានរំលែកអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា ក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។
ជាកិច្ចឆ្លើយតប ប្រធានាធិបតីហ្វីលីពីន បានឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវរួមគ្នាបន្ថែម ។
លោកជា ធីរិទ្ធបញ្ជាក់ថា “ក្នុងនោះឯកឧត្តម បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលឯកឧត្តមនឹងធ្វើដំណើរតាមអាកាសយានដ្ឋាននេះនៅថ្ងៃស្អែក នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ”។



ប្រធានាធិបតីបង្ហាញក្តីសង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជន ៕
