ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់ពលរដ្ឋភៀសសឹក ថែរក្សាសុខភាព ត្រៀមលក្ខណៈវិល ទៅលំនៅដ្ឋាន ជាបន្តបន្ទាប់

ព្រះវិហារ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម ត្រូវថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋាន ជាបន្តបន្ទាប់ តាមការសម្របសម្រួលរបស់អាជ្ញាធរ ។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វរនគរបាលការពារព្រំដែនគោក និង ប្រជាពលរដ្ឋជនភៀសសឹក ដែលបានភៀសខ្លួន ពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ ០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិ និង ប្រជាជន ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាន នៃមរតកដឹកនាំនយោបាយ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយស ពីអំពើឈ្លានពានទឹកដីយ៉ាងកម្រោល ពីសំណាក់កងទ័ពថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតី យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំង កងយោធពលខេមរភូមិន្ទ និង នគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពាន ប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំ បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូត ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ លោកបន្ថែមថា ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិ ទទួលស្គាល់ គាំទ្រ និងផ្ដល់កិត្តិយស ដោយចាត់ទុកកម្ពុជា មានភាពចាស់ទុំ ប្រកបដោយបទពិសោធ និងជារដ្ឋគម្រូ ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព និងច្បាប់អន្តរជាតិ ។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនដែរថា ការរួបរួមសាមគ្គីគ្នា ជាធ្លុងមួយនៃជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចដែលយើងគ្រប់គ្នា បាននិងកំពុងឃើញនិងចូលរួមនេះ គឺជាមនុញ្ញផលដែលកើតចេញពីទំនុកចិត្ត និងប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ហើយទំនុកចិត្តនេះ បានស្ដែងឡើង តាមរយៈការបញ្ចេញសារសម្លេងតែមួយរបស់ពលរដ្ឋខ្មែរ គាំទ្ររាជរដ្ឋាភិបាល ចូលរួមទាំងស្មារតីនិង ជំនួយសម្ភារៈគ្រប់បែបយ៉ាងដល់កម្លាំងជួរមុខ និងដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋាន ជាបន្តបន្ទាប់តាមការសម្របសម្រួលរបស់អាជ្ញាធរ ចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត ជាពិសេសចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយ។ លោក បានបន្ថែមទៀតថា សម្ដេចធិបតី ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗ ជាបន្តបន្ទាប់ដើម្បីគាំទ្រ ដល់ការកសាងជីវភាពថ្មីជូនពលរដ្ឋវិលពីប្រទេសថៃ ដែលមកដល់ពេលនេះ មានប្រមាណជាង ៩០ម៉ឺននាក់៕

