ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ពីការត្រៀមលក្ខណៈ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ជាអចិន្ត្រៃយ៍

ភ្នំពេញ ៖ លោក ឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ពីការត្រៀមលក្ខណៈ របស់ហ្វីលីពីន ដើម្បីចូលរួមជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព រវាងប្រទេសកម្ពុជា និងថៃ។
ការបញ្ជាក់របស់ ប្រធានាធិបតីហ្វីលីពីន បានធ្វើឡើងក្នុងជំនួបពិភាក្សា ការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ លោកប្រធានាធិបតីបានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈ របស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញ ឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតី ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើន ក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។
ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម ។
ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព៕
