ព័ត៌មានជាតិ

កម្ពុជា បន្តស្វាគមន៍វិនិយោគិនចិន និងបណ្ដាប្រទេសនានា ក្នុងការស្វែងរកឱកាស វិនិយោគនៅកម្ពុជា លើវិស័យជាច្រើន

ភ្នំពេញ ៖ កម្ពុជា បន្តស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះវិនិយោគិនចិន និងវិនិយោគិន នៃបណ្ដាប្រទេសនានាផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា លើវិស័យជាច្រើន។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាវិនិយោគពេលអនាគត (Future Investment Conference – FIC) រៀបចំដោយអង្គការសហប្រជាជាតិស្ដីពី ពាណិជ្ជកម្ម និង ការអភិវឌ្ឍ (UNCTAD) ក្នុងភាពជាដៃគូជាមួយ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នាថ្ងៃទី៨ កញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ។ វេទិកានេះបានប្រមូលផ្ដុំដោយថ្នាក់ដឹកនាំពីប្រទេសជាច្រើនជុំវិញពិភពលោក វិនិយោគិន និងអ្នកច្នៃប្រឌិតជាច្រើនរូប ដើម្បីផ្លាស់ប្តូរទៅវិញទៅនូវការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផ្តោតលើបញ្ចកោណ ចំនួន៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន មកកម្ពុជា ដោយហេតុថាកម្ពុជា បានផ្តល់ឱកាសវិនិយោគ ជាច្រើនដោយផ្អែក លើសក្ដានុពលដែលអាចផ្ដល់ជូន ។ សក្ដានុពលទាំងនោះមានជាអាទិ៍ ទីតាំងយុទ្ធសាស្ត្រចំបេះដូង នៃតំបន់អាស៊ានតភ្ជាប់ខ្វាត់ខ្វែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងផ្លូវអាកាស, បរិយាកាសវិនិយោគបើកចំហ និងប្រកួតប្រជែង, កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត, ទីផ្សារទូលំទូលាយ តាមរយៈសមាជិកភាពនៃអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និង ក្របខណ្ឌនានាផ្សេងទៀត, ពិសេសមានរដ្ឋាភិបាលគាំទ្រ ដល់ភាពរីកលូតលាស់របស់វិនិយោគិន។

ជាមួយគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងធ្វើឱ្យស៊ីជម្រៅលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ។

លោក ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «កម្ពុជា សូមបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសនានាផ្សេងទៀតក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន មានជាអាទិ៍ វិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថលជាដើម»៕

To Top