ព័ត៌មានជាតិ

កម្ពុជា ផ្តល់សច្ចាប័ន និងក្លាយជាភាគី នៃកិច្ចព្រមព្រៀងស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែន យុត្តាធិការជាតិ

ភ្នំពេញ ៖ បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការ ប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាស ដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារ ចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការ លើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និង បានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័ន ទទួលស្គាល់កិច្ចព្រមព្រៀងនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានថ្លែងថា ការចូលរួម និង ទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិ របស់អង្គការ សហប្រជាជាតិនេះ និងការដាក់ចេញច្បាប់ ស្តីពីកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនេះ បង្ហាញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកប ដោយចីរភាពនូវជីវៈចម្រុះ សមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

យោងតាមប្រសាសន៍របស់ លោករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង ។ លោក រដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងពង្រឹងនិងពង្រីក ទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ និងកៀរគរធនធាន ក្រៅប្រទេសយកមកបម្រើឱ្យផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ក្នុងការធានាឱ្យបាន នូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយចីរភាព សំដៅសម្រេចឱ្យបាននូ វគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០៕

To Top