ព័ត៌មានជាតិ

បើកកិច្ចប្រជុំ ដោះស្រាយវិវាទដីធ្លី នៅភ្នំដោះក្រមុំ និងវិវាទដីចម្ការស្រល់រដ្ឋ នៃភូមិសាស្ត្រខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ លទ្ធផលឯកភាពគ្នា ចំនួន៥ចំណុច ត្រូវបានរកឃើញ នៅក្នុងកិច្ចប្រជុំមួយ ស្តីពីករណីវិវាទដីធ្លីរុាំរៃ នៅមជ្ឈមណ្ឌលវប្បធម៌ ជនជាតិដើមភាគតិចភ្នំដោះក្រមុំ, វិវាទដីកប់សព និង វិវាទដីធ្លីចម្ការស្រល់របស់រដ្ឋ ដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនៅសាលាខេត្តមណ្ឌលគិរី ។

កិច្ចប្រជុំនេះ សោតត្រូវបានរដ្ឋបាល សាលាខេត្តមណ្ឌលគិរី ធ្វើសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥ ដែលមានខ្លឹមសារដូចខាងក្រោម៖

លទ្ធផលកិច្ចប្រជុំករណី វិវាទដីធ្លីនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិ ដើមភាគតិចភ្នំដោះក្រមុំ វិវាទដីកប់សព និងវិវាទដីធ្លី ចម្ការស្រល់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ថ្ងៃអង្គារ ដប់កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោងប្រាំបី និងសាមសិបនាទីព្រឹក នៅសាលាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លីមជ្ឈមណ្ឌល វប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ វិវាទដីកប់សព និងវិវាទដីធ្លីចម្ការស្រល់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី ក្រោមអធិបតីភាព លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី ដែលមានសមាសភាព ចូលរួមលោកប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត មណ្ឌលគិរី លោក វុឌ្ឍ វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្ត្រ លោក សំ មនោរម្យ នាយក រងខុទ្ទកាល័យ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មណ្ឌលគិរី សមាជិកក្រុមការងារចំពោះកិច្ច មន្ត្រីជំនាញ លោក ស្រួយ ខេត ប្រធានប្រតិភូ គណបក្សជនជាតិដើមភាគ តិច និងលោក គ្រឿង តុលា តំណាងសហគមន៍ ជនជាតិដើម ភាគតិចភ្នំដោះក្រមុំ។

បន្ទាប់ពីកិច្ចប្រជុំបានពិនិត្យពិភាក្សា និងផ្តល់យោបល់ ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងឯកភាពដូចខាងក្រោម៖ ១.ចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋលើផ្ទៃដីទំហំ ៨៨,១២ហិកតា ជូនមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគ តិចភ្នំដោះក្រមុំជាបន្ទាន់ ដើម្បីការពារដីនេះ កុំឲ្យមានការទន្ទ្រានកាន់កាប់បន្តទៀត ដោយអនុវត្តចុះ បញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ២. ចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈនូវដីទំហំ ២៨ ០០០ម៉ែត្រការ៉េ សម្រាប់សាងសង់រោងចក្រទឹកស្អាត ៣.ចុះសិក្សាកំណត់អត្តសញ្ញាណកម្មដី និងអ្នកចូលកាន់កាប់ដីទំហំ ៩,៥៧ហិកតា ដែលប្រជាពលរដ្ឋ ៨៦គ្រួសារ បានចូលទន្ទ្រានកាន់កាប់ឲ្យបានច្បាស់លាស់ ដោយមានការចូលរួមពីក្រុមការងារក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដោយចាប់អនុវត្តនៅថ្ងៃទី២ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តមណ្ឌលគិរី ជាកំហិត និងទៅពិនិត្យនៅទីតាំងជាក់ស្តែង ៤. ឯកភាព អនុវត្តធ្វើកោសល្យវិច្ឆ័យ និងរុករកអដ្ឋិធាតុនៅទីតាំងដីនេះឲ្យបានច្បាស់លាស់ ៥. សម្រាប់ទីតាំងថ្មបីដុំ ដែលជាទីតាំងសក្ការបូជារបស់បងប្អូនជនជាតិដើមភាគតិច បងប្អូនជនជាតិដើម ភាគតិចស្នើសុំកំណត់ទំហំទីសក្ការបូជានេះ ឲ្យបានជាក់លាក់ អង្គប្រជុំឯកភាព និងពិនិត្យបន្ថែម ។ ទទួលបានសេចក្តីប្រកាសព័ត៌មាននេះ សូមមន្ទីរ អង្គភាពពាក់ព័ន្ធ និងសាធារណៈជនមេត្តាជូនជ្រាបជា ព័ត៌មាន៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top