ព័ត៌មានជាតិ

វីរយុទ្ធជនកម្ពុជា ទាំង១៨នាក់ ដែលថៃកំពុងឃុំខ្លួន បានផ្ញើរលិខិត សម្ងាត់ជូនក្រុមគ្រួសារ

ភ្នំពេញ៖ វីរយុទ្ធជនកម្ពុជា ទាំង១៨នាក់ ដែលថៃបន្តឃុំខ្លួន បានផ្ញើរលិខិតសម្ងាត់ មកកាន់ក្រុមគ្រួសាររបស់ខ្លួន តាមរយៈតំណាងគណ:ប្រតិភូ គណ:កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ( ICRC ) ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។

យោងតាមកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ ក៏បានសរសេរសារ តបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ ហើយសារទាំងនេះត្រូវបាន ICRC​ ប្រគល់មកកាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា បន្តប្រគល់ជូនគ្រួសាររបស់វីរយុទ្ធជន។

លោក យូ ឡាណា មានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារ នៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ​ សូម្បីតែមន្ត្រីបុគ្គលិក របស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់ ។ ដោយឡែកពាក់ព័ន្ធ ជាមួយរូបភាពវីរយុទ្ធជន​ គឺយើងមិនអាច បញ្ចេញរូបភាព ឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់ មនុស្សធម៌អន្តរជាតិ។»

គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះ ប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សា ទំនាក់ទំនងដឹងពីសុខទុក្ខគ្នា ។ សារកាកបាទ ក្រហមមានតួនាទីសំខាន់ ក្នុងការរក្សាទំនាក់ទំនង គ្រួសារ ដោយសារកាកបាទក្រហម ផ្តោតតែព័ត៌មាន គ្រួសារប៉ុណ្ណោះ។

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុង ការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សា ទំនាក់ទំនងគ្រួសារត្រូវបានរក្សា ទុកក្នុងអំឡុងពេលមានជម្លោះ៕

To Top