នគរបាលស្រុកបវេល អនុវត្តដីកា ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

បាត់ដំបង ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២៣:១០នាទី នៅចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋាន នគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការ នគរបាលស្រុកបវេល បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនចំនួន២ដីកា លេខ៧៣៨ ត.ព្រ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៨២ពស ព្រស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ របស់លោក ថាន់ យុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ឌិន ប៊ុនរ៉ុង ហៅរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលអំឡុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
