កម្ពុជាសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី១ នៃគណៈ កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នឹងទទួលលទ្ធផលល្អបន្ថែមទៀត

ភ្នំពេញ ៖ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង លើទឹកដីកម្ពុជា ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះភាគីកម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផល ល្អបន្ថែមទៀត ។ នេះបើតាមការផ្សាយ របស់ក្រសួងការពារជាតិកម្ពុជា ។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ចំណែកគណៈប្រតិភូថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផល នៃការអនុវត្តគោល ការណ៍ឯកភាពគ្នា ដែលសម្រេច នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផល ជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរអាចបន្តជំរុញ ការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕
