ប្រមុខការពារជាតិខ្មែរ ៖ ៣០ថ្ងៃទៀត កម្ពុជា-ថៃ នឹងរៀបចំកិច្ចប្រជុំពិសេស លើកទី២ នៃ GBC ក

ភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជា-ថៃបានព្រមព្រៀងគ្នា នឹងរៀបចំកិច្ចប្រជុំពិសេស លើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។

បើតាមលោករដ្ឋមន្រ្តីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នេះដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងដើម្បីដាក់ចេញ នូវជំហានជាក់ស្តែងនានា ដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ បង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ ដោយជោគជ័យ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគចំនួន៤លើក ដែលបានប្រព្រឹត្តទៅ កាលពីខែមុន រវាងកងយោធពល ខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ ៕
