ព័ត៌មានជាតិ

កម្ពុជា-ថៃ ពិភាក្សា ករណីទាហានខ្មែរ១៨រូប ដើម្បីឈានទៅរកការដោះលែង

ភ្នំពេញ ៖ ប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅលើទីដី នៃខេត្តកោះកុង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានពិភាក្សាគ្នា ពីករណីទាហានខ្មែរទាំង១៨រូប ដែលត្រូវបានយោធាថៃ ចាប់ខ្លួន ដើម្បីឈានឆ្ពោះ ទៅរកការដោះលែងឲ្យបានឆាប់ៗ ដើម្បីបំពេញបំណងរបស់ក្រុមគ្រួសារពួកគេ ។

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំថា ភាគីទាំងពីរបានផ្តោតសំខាន់ លើការពិភាក្សាគ្នាអំពីទាហានខ្មែរទាំង១៨រូបដើម្បីឲ្យមានការដោះលែងឆាប់ៗ ខណៈការចាប់ខ្លួនពីសំណាក់យោធាថៃ គិតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ មានរយៈពែល៤៣ថ្ងៃហើយ ។

លោកថា “ក្នុងស្មារតីបង្កើនជំនឿទុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនង អង្គប្រជុំ ក៏បានពិភាក្សាករណីទាហាន ដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និងស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ” ។

សូមបញ្ជាក់ថា ចំពោះទាហានខ្មែរទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រង របស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ។ នេះបើតាមការអះអាង ពីប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងនោះក្រុមការងារគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ៕

To Top