ព័ត៌មានជាតិ

កិច្ចប្រជុំ GBC ! កម្ពុជា-ថៃ ពិនិត្យលើសំណូមពរ របស់ជប៉ុន មានបំណងឲ្យប្រទេសទាំងពីរ បើកច្រកព្រំដែនមួយចំនួន

កោះកុង ៖ ក្នុងកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កម្ពុជា-ថៃ បានពិនិត្យលើសំណូមពរ របស់ប្រទេសជប៉ុន ដែលមានបំណងឲ្យ កម្ពុជា-ថៃ ពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ។

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

គណៈប្រតិភូថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។

ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ GBC នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា «អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពរ របស់ប្រទេសជប៉ុន ដែលមានបំណងឲ្យ ប្រទេសទាំងពីរពិចារណា លើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់»។

សូមបញ្ជាក់ថា បន្ទាប់ពីបើកការបាញ់ប្រហារ បណ្ដាលឲ្យទាហានកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ទាហានថៃ បានបន្ដសម្រេចចិត្ត ដោយឯកតោភាគី ក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ ជាមួយប្រទេសកម្ពុជា រហូតមកទល់ពេលបច្ចុប្បន្ននេះ៕

To Top