រដ្ឋមន្ត្រីអប់រំ អំពាវនាវឱ្យយុវជន និងគ្រូបង្រៀនកម្ពុជា ចាប់យកបំណិនបញ្ញាសិប្បនិម្មិត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យយុវជន និងគ្រូបង្រៀនកម្ពុជា ចាប់យកបំណិនបញ្ញាសិប្បនិម្មិត ដោយនិយមន័យអក្ខរកម្មក្នុងយុគសម័យនេះ បានផ្លាស់ប្តូរពីអក្ខរកម្ម ការអាន និងសរសេរ ទៅជាអក្ខរកម្ម ការប្រើប្រាស់ឌីជីថល។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” នៅខេត្តក្រចេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងចាត់ទុកទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ជាទិវាមួយប្រកបដោយសារៈសំខាន់ និងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការលើកកម្ពស់អក្ខរកម្ម ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា គ្រប់រូបនៅទូទាំងប្រទេស និងជាឱកាសសម្រាប់បងប្អូន ជនរួមជាតិយើងទាំងអស់ រួមគ្នាលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ ដើម្បីជាឧត្តមប្រយោជន៍របស់កម្ពុជាយើង និងចូលរួមចំណែកអបអរសាទរទិវាអក្ខរកម្មអន្តរជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សូមអំពាវនាវឱ្យយុវជន និងគ្រូបង្រៀនកម្ពុជា ចាប់យកបំណិនបញ្ញាសិប្បនិម្មិត ដោយនិយមន័យអក្ខរកម្មក្នុងយុគសម័យនេះ បានផ្លាស់ប្តូរពីអក្ខរកម្ម ការអាននិងសរសេរ ទៅជាអក្ខរកម្ម ការប្រើប្រាស់ឌីជីថល និងសូមអំពាវនាវដល់ស្ថាប័នជាតិ-អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ និងសូមចូលរួមគាំទ្រឱ្យបាន សស្រាក់សស្រាំជាបន្តទៀតដល់ការងារ អក្ខរកម្មវិជ្ជាជីវៈ ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ»៕
