ព័ត៌មានជាតិ

កម្ពុជា-ថៃ រួមគ្នាពង្រឹងទប់ស្កាត់ បទល្មើសឆ្លងដែន និងឆបោកតាមអនឡាញ

ភ្នំពេញ ៖ កម្ពុជា-ថៃបានឯកភាពគ្នាពង្រឹង កិច្ចសហការទប់ស្កាត់បទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scams) ។
ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តកោះកុង ជាប់ព្រំដែនថៃ ។

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ ក្នុងការទប់ស្កាត់បទល្មើសនានា ដើម្បីធានាដល់សុខសុវត្ថិភាពទាំងពីរប្រទេស ។

លោកបន្តថា “យើងក៏បានឯកភាពគ្នាផងដែរ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ជាដើម” ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បន្ថែមថា ជាមួយគ្នានេះ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី ពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មានដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។ ក្នុងន័យនេះ អង្គប្រជុំបានប្រគល់ភារកិច្ចដល់ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ ដើម្បីធ្វើការ រៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាខាងលើ ។
ក្នុងការគ្រប់គ្រងព្រំដែនលោក ទៀ សីហា សង្កត់ធ្ងន់ថា ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) គឺជាយន្តការ ក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នា ដោះស្រាយបាតុភាពនៅតាមបណ្តោយព្រំដែន ដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុម រវាងប្រជាជននៃប្រទេសទាំងពីរ ៕

To Top