ក្រសួងការងារ រៀបចំវគ្គបណ្ដុះបណ្ដាល អំពីសុវត្ថិភាព និងសុខភាពការងារ ដល់សហគ្រាស គ្រឹះស្ថានចំនួន ១៣ក្រុមហ៊ុន ដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិត ប្រតិភូបុគ្គលិក សហជីព និងនិយោជក ប្រចាំសហគ្រាសគ្រឹះស្ថាន

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយស្ដីពី សុវត្ថិភាព និងសុខភាពការងារ វិជ្ជាសង្រ្គោះបឋមដល់សហគ្រាស គ្រឹះស្ថានចំនួន ១៣ក្រុមហ៊ុន ដែលមានសិក្ខាកាមចូលរួមចំនួន ៣២៧នាក់ (ស្រី១៦១នាក់) ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ គិតចាប់ពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស គ្រឹះស្ថាន លើមេរៀនសំខាន់ៗរួមមាន ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ សុវត្ថិភាពអគ្គិភ័យ ការទុកដាក់សារធាតុគីមី ឥរិយាបទបំពេញការងារ ការទប់ស្កាត់មេរោគអេដស៍ និងគ្រឿងញៀន ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីបញ្ហាជំងឺមិនឆ្លងផងដែរ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺចូលរួមផ្តល់ចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ក៏ដូចជាពង្រឹងវិសាលភាព ក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ ការងារដល់ប្រតិភូបុគ្គលិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តភក្តិរួមការងារនៅកន្លែងធ្វើការ ដោយប្រើវិធីសាស្ត្រត្រឹមត្រូវទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្ន ដែលអាចកើតមានឡើងជាយថាហេតុ៕








