ព័ត៌មានជាតិ

តំណាង​រដ្ឋមន្ត្រី ហេង សួរ ចូលរួមទិវា​អក្ខរ​កម្មជាតិ ៨កញ្ញា ២០២៥​នៅខេត្តក្រចេះ

ក្រចេះ៖លោក​ ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់​ខ្ពស់លោក​ ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញ​ចូល​ក្នុង​ឱកាស​ប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង​កីឡា ដែលបានប្រព្រឹត្តទៅនៅខេត្តក្រចេះ នាថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២៥។

កម្មវិធីនេះ ក៏មានការចូលរួមពីលោកស្រី Esther McFarlane ប្រធានផ្នែកអប់រំនៃ​អង្គការ​យូណេ​ស្កូ ​ប្រចាំ​ប្រទេសកម្ពុជា ព្រមទាំងវត្ត​មានចូល​រួមពីថ្នាក់ដឹក​នាំ នៃក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាលជាច្រើនរូបទៀត។

ទិវាអក្ខរកម្មជាតិនាឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ការលើកកម្ពស់​អក្ខរកម្មក្នុង​យុគសម័យ​ឌីជីថល» ដែលគូស​បញ្ជាក់​អំពីតួនាទីនៃអក្ខរកម្ម​ សម្រាប់មនុស្សជាតិ និង​សង្គម ខណៈប្រទេសកម្ពុជា​កំពុងខិតខំប្រែក្លាយ​ជា​ប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយការអភិវឌ្ឍធន​ធានមនុស្ស នៅ​តែជាបេះ​ដូង​នៃ​វឌ្ឍនភាពជាតិ។

អក្ខរកម្មផ្ដល់អំណាចដល់ប្រជាជនកម្ពុជាជាមួយនឹងជំនាញ​ចាំបាច់ ដើម្បីទទួលបានការអប់រំ និងការងារ ការ​កសា​ង​សង្គមពុទ្ធិ និងប្រកប​ដោយបរិយាបន្ន ដែលជា​ផែន​ការ​យុទ្ធសាស្រ្តអប់រំ (ESP ២០២៤-២០២៨) នៅកម្ពុជា បានដាក់អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសសរស្ដម្ភ ដើម្បី​សម្រេច​បាននូវការអប់​រំប្រកប​ដោយ​បរិយាបន្ន សមធម៌ និងគុណភាព។

តាមរយៈប្រធានបទនេះ គឺស្របទៅនឹងទស្សនៈ​វិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់​ចេញនូវក្រប​ខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជី​ថល​​កម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយ​តបនឹង​បដិវត្តន៍​ឧស្សាហ​កម្មជំនាន់ទី៤ ពោលគឺកសាង​ឱ្យបាននូវ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕

To Top