ព័ត៌មានជាតិ

អាជ្ញាធររាជធានី អំពាវនាវដល់អ្នកផ្តល់សេវា រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃ ដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

ការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ។

យោងតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុក កំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ការចំណាយ និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top