ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ បង្ការនិងទប់ស្កាត់ចោរលួចគាស់ផ្ទះ និងអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធររាជធានី និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ បង្ការទប់ស្កាត់ ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរចរាចរណ៍ ខណៈពលរដ្ឋត្រូវចាកចេញពីភ្នំពេញ ទៅលេងតាមបណ្តាខេត្ត ។

ការស្នើរបស់ក្រុមប្រឹក្សា រាជធានីភ្នំពេញខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឆាយ វីរៈអភិបាលរង ។

ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ការងារលើវិស័យអប់រំ នៅរាជធានីភ្នំពេញ ធ្វើបានល្អប្រសើរ សិស្សានុសិស្សប្រឡង ឌីប្លូប ជាប់បានច្រើន ដោយឡែកការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងការប្រឡង បាក់ឌុបឆ្នាំនេះវិញ ក៏មានលក្ខណៈល្អប្រសើរផងដែរ។ ជាងនេះទៅទៀត ចំពោះការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅ មានភាពល្អប្រសើរ ពោលគឺ បទល្មើសកើតឡើង កម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន១០០% ។ ចំពោះបញ្ហាគ្រឿងញៀន និងក្មេងទំនើងអាជ្ញាធរនិងកងកម្លាំង បានចាត់វិធានការ បង្ការនិងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះ ឱ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជុំវិញសកម្មភាព ចោរលួចគាស់ផ្ទះ ខណៈពលរដ្ឋទុកផ្ទះចោល ហើយត្រូវចាកចេញទៅលេងស្រុកកំណើត។ ជាមួយនឹងការបន្តការដោះស្រាយបញ្ហាលំហូរចរាចរណ៍ ដោយពលរដ្ឋត្រូវសម្រុកចាកចេញពីភ្នំពេញ ទៅតាមខេត្ត។ ជាពិសេសសូមប្រុងប្រយ័ត្ន លើការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ ជាមួយនិងការបង្កើនយកចិត្តទុកដាក់ ចំពោះអនាម័យ បរិស្ថាន ដោយត្រូវប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា រយៈពេល១ខែកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធនិងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ អនុវត្តកាងារបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងកិច្ចការងារបំរើសេវាកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រធានក្រុមប្រឹក្សា ក៏បានជំរុញឱ្យអាជ្ញាធររាជធានី បន្តអនុវត្តការងារឱ្យកាន់តែល្អប្រសើរ ថែមទៀត។

ក្នុងឱកាសនេះ លោក ឆាយ វីរៈ ក៏បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានកោតសរសើរ ចំពោះការអនុវត្តការងារ របស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តនាពេលកន្លងមក។ ការកោតសរសើរនេះ វាជាការលើកទឹកចិត្ត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើន មួយកម្រិតបន្ថែមទៀត ។

ចំពោះការស្នើសុំរបស់សមាជិកក្រុមប្រឹក្សា ឱ្យរដ្ឋបាលរាជធានី បង្ការទប់ស្កាត់ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ ត្រូវបានលោក ឆាយ វីរៈ តបថា ឱ្យតែមានពិធីបុណ្យជាតិធំៗ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានណែនាំ ឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមវត្តអារាម និងនៅកន្លែង សប្បាយភាពនានា នៅក្នុងរាជធានីភ្នំពេញ ជាមួយនិងការណែនាំឱ្យទប់ស្កាត់ ចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈពលរដ្ឋមិននៅ។ ដោយសូមជឿទុកចិត្ត លើអាជ្ញាធររាជធានីភ្នំពេញ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top