ព័ត៌មានជាតិ

បារាំង សន្យាពង្រឹង កិច្ចសហការជាមួយកម្ពុជា បន្ថែមទៀត លើវិស័យសុខាភិបាល

ភ្នំពេញ ៖ លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា បានសន្យានៅចំពោះមុខលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាព របស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសលើវិស័យ សុខាភិបាលបន្ថែមទៀត ។

ការសន្យារបស់ទូតបារាំងនេះ ក្នុងជំនួបពិភាក្សាជាមួយសាស្ត្រាចារ្យ ឈាង រ៉ា នាថ្ងៃ១១ កញ្ញា។

ចំពោះកិច្ចសន្យានេះ ត្រូវបានសាស្ត្រាចារ្យរដ្ឋមន្ត្រីស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្រយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាបន្តរវាងបារាំង និងកម្ពុជា ទាំងផ្នែកសាធារណៈ និងឯកជន ក្នុងវិស័យសុខាភិបាល និងរួមចំណែកកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបានពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែតជាដើម ។

ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ ដោយនឹងសហការរៀបចំយ៉ាងជិតសិទ្ធជាមួយភាគីមិត្តបារាំង។ នេះជាវេទិកាឱកាសដ៏ពិសេស ដើម្បីបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជា ដល់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី ប្រើប្រាស់ភាសាបារំាង៕

To Top