អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់១រូប

ភ្នំពេញ៖ លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់ សាលាបាក់ទូកមួយក្រុម អតីតលោកគ្រូ អ្នកគ្រូ រួមមានទាំងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមរំលែកទុក្ខ ដល់គ្រួសារសពលោកគ្រូ ស្រេង ផល្លា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកគ្រូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
កាយវិការ ដ៏គួរឱ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ មិនមែនទើបតែមាន ក្នុងពេលលោកគ្រូអស់ព្រះជន្មនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់ៗគ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕







