នគរបាលកម្ពុជា-ថៃ ជួបពិភាក្សាគ្នា ពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃនៅព្រឹកថ្ងៃ១៦ កញ្ញា នេះបានជួបប្រជុំគ្នានៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
កិច្ចប្រជុំនេះ នគរបាលជាតិកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរពិភាក្សាគ្នាពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ ក៏ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃ១០ កញ្ញា ដែលបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ច លើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងដែន៕
