បណ្ឌិតយង់ ពៅ ៖ កម្ពុជារក្សាភាពស្ងប់ស្ងាត់ហើយ តែគួរមានមធ្យោបាយគាំទ្រ ពលរដ្ឋជួរមុខដែរ

ភ្នំពេញ ៖ ក្រោយថៃបំពានបាញ់ផ្សែង និង កាំភ្លើងបាញ់គ្រាប់ជ័រមកលើពលរដ្ឋកម្ពុជា អ្នកតាមដានស្ថានការណ៍កម្ពុជា លោកបណ្ឌិត យង់ ពៅ បានបញ្ចេញទស្សនថា កម្ពុជាបានរក្សា ភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែក៏គួរមានមធ្យោបាយគាំទ្រ ពលរដ្ឋជួរមុខផងដែរ ។

ការគាំទ្រពលរដ្ឋជួរមុខដែលលោកបណ្ឌិតលើកឡើងនេះ គឺធ្វើឡើងតាមរយៈការផ្តល់កន្ត្រៃយ៍កាត់ដែកលួស , ម៉ាស់ មួកសុវត្ថិភាព , វ៉ែនតាការពារផ្សែង និងឈើ ឬឫស្សីវែងៗ ដើម្បីទប់ស្កាត់កុំឲ្យចោរសៀមរុលចូលអធិបតេយ្យភាពកម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៨ កញ្ញា នេះលោកបណ្ឌិតយង់ ពៅបានបញ្ជាក់ថា “កម្ពុជាយើងស្ងប់ស្ងាត់ ក៏គួរតែមានមធ្យោបាយគាំទ្រ «ពលរដ្ឋជួរមុខ» ឲ្យល្អខ្លះដែរ ដូចជា កន្ត្រៃកាត់ដែកលួស , ម៉ាស់ មួកសុវត្ថិភាព និងវ៉ែនតាការពារផ្សែង និងឈើ ឬ ឫស្សីវែងៗ ទប់កុំឲ្យចោររុលចូល ។ល។ និង ។ល។ កុំឲ្យចោរ បោះទីតាំងបាន ព្រោះថៃ តាំងចិត្តមិនគោរពច្បាប់ទៅហើយ” ។

លោកបន្តថា បើទ័ពថៃ ពិតជាបោះទីតាំងនៅលើដែនដីកម្ពុជាបានមែន គឺពិតជាពិបាកដេញទៅវិញ ព្រោះសូម្បីតែកិច្ច ប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថៃ តែងតែបំពានលទ្ធផល ហើយសូម្បីតុលាការយុត្តិធម៌អន្តរជាតិ (ICJ)សម្រេច ក៏ចោរសៀមនេះមិនស្ដាប់តាមដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត បានគាំទ្រឲ្យសារព័ត៌មានផ្សាយពីបញ្ហាពិតចេញពីព្រំដែនឲ្យច្រើន ដោយមិនបាច់ទុកមុខ ឲ្យចោរនោះទេ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃ១៧ កញ្ញា ក្រុមទាហានថៃបានបាញ់គ្រាប់បែកផ្សែង និងកាំភ្លើងបាញ់គ្រាប់ជ័រ បណ្ដាលឲ្យកងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ រងរបួសចំនួន ២៨ នាក់ នៅភូមិព្រៃចាន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
