ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ហេង បូរិន្ទ

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិគ្រឹះលេខ BT2-786-790 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (តំបន់អភិវឌ្ឍន៍ OCIC) រាជធានីភ្នំពេញ។
មរណភាពរបស់ លោកនាយឧត្តមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាច ក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបាន ការពារបូរណភាពទឹកដីជារៀងរហូតមក។
ក្នុងឱកាសអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់ នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕













