ព័ត៌មានជាតិ

ថ្នាក់ដឹក និងសមាជិក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា អញ្ជេីញចូលរួម ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពធម្មនុញ្ញ និងអបអរសាទរ ខួបទី៣២ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ 

ភ្នំពេញ៖ ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក លេីកទី១ ដេីម្បីអបអរសាទរ ខួបទី៣២ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣២៤ កញ្ញា ឆ្នាំ២០២៥)

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣២៨ ខែឧសភា ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត ជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារ ពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC) ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើង ជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ 

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ 

ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ អំណាចនីតិបញ្ញត្តិ, នីតិប្រតិបត្តិ និងតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។ 

ថ្លែងក្នុងឱកាសនេះ ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានថ្លែងថា ចំពោះការប្រកាសរដ្ឋធម្មនុញ្ញនេះ មានសារសំខាន់ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ដោយសារតែអ្វីៗទាំងអស់ គឺត្រូវបានកំណត់នៅព្រំដែនច្បាប់ នៅលើរដ្ឋធម្មនុញ្ញ ។

ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព  មានប្រសាសន៍ថា កាលណាមានសន្តិភាព គឺមានការរីកចម្រើន សន្តិភាពនាំក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហើយការដែលចូលរួម នូវការគោរពនូវទិវារដ្ឋធម្មនុញ្ញ នៅវិមានរដ្ឋធម្មនុញ្ញនៅថ្ងៃនេះ គឺសបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ លើកស្ទួយនូវកេន្យានុភាពរបស់ជាតិរបស់ទាំងមូល ដូច្នេះរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ គឺត្រូវបានសម្តេចធិបតី យកចិត្តទុកដាក់លើកតម្កើង៕

To Top