ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ៖ ប្អូនៗទើបប្រឡងបាក់ឌុប បើចង់បានការងារឆាប់រហ័ស កាត់បន្ថយចំណាយរបស់ឪពុកម្តាយ និងបន្តការសិក្សាតាមក្តីស្រមៃ មករៀនជំនាញ TVET

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។

លោកថ្លែងថា៖«ប្អូនៗថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម ខ្ញុំសូមណែនាំឱកាសមាសដែលជួយប្អូនៗឱ្យឆាប់បានការងារធ្វើ មានជំនាញច្បាស់លាស់ រកលុយចាយបានដោយខ្លួនឯង ក្នុងរយៈពេលខ្លីគឺត្រឹម៤ខែប៉ុណ្ណោះ គឺសូមប្អូនៗទាំងអស់គ្នា មករៀនជំនាញ TVET នៅសាលាទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយពេលមានជំនាញនិងមានប្រាក់ខែរួចហើយ ប្អូនៗទាំងអស់គ្នាអាចបន្តការសិក្សាផ្នែកជំនាញលើកម្រិតបរិញ្ញាបត្រក៏បាន ឬចង់ប្តូរទៅរៀនជំនាញផ្សេងទៀតក៏បាន»។

លោក ស៊ុន មេសា បានលើកឡើងថា TVET គឺជារបៀបសិក្សាដែលផ្តោតលើជំនាញអាជីពនិងបច្ចេកទេស ដែលអាចជួយឱ្យអ្នករៀនទទួលបានការងារយ៉ាងឆាប់រហ័ស និងមានសមត្ថភាពអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ ជាពិសេស នៅពេលរៀនចប់ភ្លាមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយផ្គូផ្គងរកការងារឱ្យធ្វើភ្លាមៗតែម្តង។

ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិញ មិនត្រឹមតែសិក្សាដោយឥតបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ២៨ម៉ឺនរៀលជារៀងរាល់ខែថែមទៀតផង។

សូមបញ្ជាក់ថា យុវជន និងសិស្សានុសិស្ស ដែលទើបប្រឡងចប់ថ្នាក់ទី១២ អាចចុះឈ្មោះសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំង ៣៧ទីតាំងនៅទូទាំងប្រទេសលើជំនាញចំនួន៤៥ ក្នុងនោះរួមមានជំនាញ ធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់, សេវាកម្ម, ទេសចរណ៍, និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។

បន្ថែមពីនេះ ក្រៅពីការជំរុញឱ្យសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ១,៥លាននាក់ ដើម្បីទទួលបានការងារឆាប់រហ័សហើយនោះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងថា ការសិក្សាជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន គឺកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ៕

To Top