សម្តេចធិបតី ៖ វិស័យទេសចរណ៍ បន្តជាវិស័យអាទិភាព សេដ្ឋកិច្ចដ៏សំខាន់ តាមរយៈបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល ជូនប្រជាជន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ខណៈគិតត្រឹម ៨ខែ ឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មកទស្សនានៅកម្ពុជា មានប្រមាណជាង ៤លាននាក់ ។
តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និង បរិវត្តកម្មប្រកបដោយចីរភាព» សម្ដេច បានឲ្យដឹងថា ជាមួយនឹងការបន្ត ថែរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏ គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។
សម្ដេចធិបតី បន្ដថា ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩% ទេសចរជាតិមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍ អន្តរជាតិមានចំនួន ៣.៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុង ផលិតផលក្នុងស្រុក សរុបប្រមាណ ៩,៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។
សម្ដេចធិបតី គូសបញ្ជាក់ថា «គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ ក្នុងន័យនេះ ខ្ញុំនៅតែមាន សុទិដ្ឋិនិយមថា វិស័យទេសចរណ៍ បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការ បង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល ការជំរុញការនាំចេញនៅនឹង កន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដទៀតថា ជាការពិតណាស់ ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយ ស្រួយ និងងាយរងនូវ វិបត្តិថ្មីៗ ដែលការណ៍នេះ ធ្វើឱ្យយើងបន្ត ប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជា បន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ ដែលកត្តាទាំងនេះ បានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាព សកល និងជាពិសេសធ្វើឱ្យសន្ទុះ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយ គួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមាន ដល់កំណើនទេសចរណ៍ជាសកល និងនៅកម្ពុជាផងដែរ៕
