ជប៉ុន នឹងខិតខំជួយ កម្ពុជា-ថៃ ដើម្បីកាត់បន្ថយភាពតានតឹង

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ជប៉ុននឹងខិតខំសម្របសម្រួល ស្ថានភាពជម្ល៉ោះព្រំដែន កម្ពុជា-ថៃ បន្ថែមទៀត ដើម្បីឲ្យកាត់បន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ ។

ការអះអាងរបស់ភាគីជប៉ុននេះ បានធ្វើកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា ប្រមាណជា៣០នាទី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
យោងតាមការផ្សព្វផ្សាយ ពីក្រសួងការបរទេសជប៉ុននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ដែលស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានចែករំលែកបន្ត បានឲ្យដឹងថា លោក អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ជាការចាប់ផ្តើម លោក អ៊ីវ៉ាយ៉ា បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា-ថៃ កាលពីពេលកន្លងមក ។ ជាមួយគ្នានេះ លោក អ៊ីវ៉ាយ៉ា សង្ឈឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀង បទឈប់បាញ់ ហើយភាពតានតឹង នឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។
លោក អ៊ីវ៉ាយ៉ា បញ្ជាក់ថា “ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ” ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥បានអះអាងថា កម្ពុជាតែងតែរក្សា នូវកិច្ចសហការល្អជាមួយភាគីថៃ ។ ក្នុងនោះ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នា ជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹង ណាមួយដែលមិនចាំបាច់៕
