ព័ត៌មានជាតិ

វិស័យចំនួន៥ កំពុងពេញនិយមក្នុងកម្មវិធី TVET 1.5M ដោយមានយុវជន ស្នើសុំចុះឈ្មោះ ចូលរៀនច្រើនជាងគេ

ភ្នំពេញ ៖ វិស័យចំនួន៥ កំពុងពេញនិយម ដោយមានយុវជន និងបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមវិស័យទាំង១០។

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន២៩ ១៩០នាក់។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌។

វិស័យទាំង៥ ដែលកំពុងពេញនិយមនោះ រួមមាន៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ២១ ៦៦១នាក់, វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន២១ ២៨៦នាក់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ០៧៩នាក់។

សម្រាប់វិស័យទាំង១០ ដែលបានដាក់ឱ្យបណ្ដុះបណ្ដាល ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) រួមមាន៖ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្ដសាល, មេកានិចទូទៅ/មេកានិចរថយន្ដ, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៦ ខែកញ្ញានេះថា ការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) នេះ នឹងទទួលបាន អត្ថប្រយោជន៍ដូចជា ៖ សិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែចំនួន២៨ម៉ឺនរៀល សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់ ។ ចំពោះបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អាចចូលរៀន បានដោយមិនបង់ថ្លៃ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភ ។

អ្នកនាំពាក្យក្រសួងការងារដដែល បានអំពាវនាវជាថ្មីដល់យុវជន ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិត ប្រាកដ អាចយកទៅបង្កើត មុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់ មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ។

ការចុះឈ្មោះចូលរៀន អាចធ្វើឡើងតាមប្រព័ន្ធឌីជីថលតាមរយៈ Website: www.tvet.gov.kh, Mobile App: TVET 1.5M សម្រាប់ IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 និងសម្រាប់ Play Store: https://play.google.com/store/apps/details ។ ក្នុងនោះ ក៏អាចទៅចុះឈ្មោះផ្ទាល់ នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ផងដែរ៕

To Top