ព័ត៌មានជាតិ

ក្រសួងការពារជាតិ បដិសេធសារព័ត៌មានថៃ ផ្សាយថា «កម្ពុជា បានចល័តទ័ព និងសព្វាវុធ»

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធ ចំពោះសារព័ត៌មានរបស់ថៃមួយចំនួន បានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន» ។ នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា។

ក្រសួងការពារជាតិ កម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃ មួយចំនួនបានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។

ក្រសួងការពារជាតិ បានធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖

១. ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ

២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃ បានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ

៣. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស ៕

To Top