ព័ត៌មានជាតិ

ជើងហោះហើរត្រង់ ស៊ិនជិន-ព្រះសីហនុ បានបើកដំណើរការឡើងវិញ ដោយអាកាសចរណ៍ជាតិ

ព្រះសីហនុ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញទទួលអ្នកដំណើរ តាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា និងមន្ទីរ អង្គភាពពាក់ព័ន្ធនៅអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។

ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០ នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។ ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺឆ្លើយតបពេញទំហឹង ចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើង ដោយរដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុង កើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ របស់ប្រជាជនទាំងពីរប្រទេស ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ លោកអភិបាលរង បានថ្លែងថា «ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះត្រង់ ផ្ទាល់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន មានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ មានចំនួន ៨ជើង និងមានការតភ្ជាប់បន្ថែម ជាបន្តបន្ទាប់ទៀតផងដែរ»៕

To Top