ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្រុងបាត់ដំបង

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលបានបញ្ជូនពិរុទ្ធជន ម្នាក់ឈ្មោះធុល ស៊ីម៉េង ហៅថុល ភេទប្រុស អាយុ៣២ឆ្នាំរស់​នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងទៅសាលាដំបូង ខេត្តបាត់ដំបង បន្ទាប់ពីបានអនុវត្តដីកាបង្គាប់ របស់ចៅក្រមចំនួន០២ ដីកាក្នុងអំពើល្មើសគ្រឿងញៀន ក្នុងមូលដ្ឋាន នាពេលកន្លងមករបស់ពិរុទ្ធជនខាងលើ។

ការអនុវត្តចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយផែនការងារប្រឆាំងគ្រឿងញៀនដែលមានលោកវរសេនី​យ៍ឯក សុខ និមល ស្នងការរងទទួលផែន ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

សូមជម្រាបជូនថា ពិរុទ្ធជនខាងលើបាន ធ្វើស​កម្មភាពជួញដូរដោខុសច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋាន ស្រុកឯកភ្នំនិងក្រុងបាត់​ដំបងកាលពីខែមេសា និងខែ សីហា ឆ្នាំ២០២៤ ហើយសកម្មភាពនេះ ត្រូវបានសមត្ថកិច្ចនគរ​បាលស្រាវជ្រាវ រហូតបញ្ជូនសំណុំរឿងទៅ​កាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីបានដីកាបង្គាប់និងអនុវត្តការចាប់ខ្លួននៅពេលនេះ។

លោកឧត្តមសេនីយ៍ទោ ដាញ់​ អេងប៊ុនចាន់ ធ្លាប់មានប្រសាសន៍ នាពេលកន្លងទៅក្នុងកិច្ចប្រជុំថា មុខសញ្ញាល្មើសច្បាប់ ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីតុលាការហើយ នោះសមត្ថកិច្ចនគរបាលត្រូវប្រឹងប្រែង ស្រាវជ្រាវនិង ស្វែងរកចាប់ខ្លួនយកទៅអនុវត្តទោលឱ្យខាងតែបានទោះគេគេចខ្លួនទៅដល់ទីណាក៏​ដោយ ហើយបញ្ហានេះ ត្រូវបានសមត្ថកិច្ច ជំ​នាញនៅស្នងការដ្ឋាន និងបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក បន្តធ្វើបានជាបន្តបន្ទាប់ ៕(រូបភាពផែនប្រឆាំងគ្រឿងញឿន)

To Top