ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃ នៅតំបន់អានសេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេស ម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែងដែលរងផលប៉ះពាល់ ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ ចូលជាធរមាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី ។

នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះ កម្ពុជាសូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។

ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាត ឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង៕

To Top