ព័ត៌មានជាតិ

សភាពាណិជ្ជកម្ម និង ឧស្សាហកម្មអាស៊ាន ចាប់អារម្មណ៍លើសក្តានុពល វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ កញ្ញា បានអនុញ្ញាតជូន DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ខណៈសភាពាណិជ្ជកម្ម និង ឧស្សាហកម្មអាស៊ាន ចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគ លើវិស័យទេសចរណ៍។

ក្នុងជំនួបនេះ វិស័យឯកជនកម្ពុជា ក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លោក រដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។

ជាលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបនេះ, ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការ នាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុន ដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ជាមួយគ្នានេះ សមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគ ក្នុងវិស័យទេសចរណ៍បន្ថែមទៀត៕

To Top